ការអប់រំពិត និងការផ្លាស់ប្តូរ

បងប្អូនមនុស្សជាតិជាទីរាប់អាន
មានតែមនុស្សរាល់គ្នាយល់ដឹង ដឹងយល់ តែប៉ុណ្ណោះ ទើបការសង្រ្គោះពិតអាចកើតមានឡើងបាន។ យើងទាំងអស់គ្នា គឺជាចំណែកនៃការផ្លាស់ប្តូរទាំងអស់នោះឯង តែការផ្លាស់ប្តូរក្នុងនិយមន័យសង្រ្គោះ គឺច្បាស់មិនអាចកើតឡើងបានទេ បើគ្មានការផ្សព្វផ្សាយ និងការសិក្សាពិតពីលក្ខណ្ឌនៃធម្មជាតិជីវិត...
ហេតុអ្វីមនុស្សទៅរៀននៅសាលាតូច សាលាធំ សាកលវិទ្យាល័យឆ្ងាយជិត តែជីវិតសម្បជញ្ញ:ឥតបានប្រសើរឡើងទេអំពីជីវិត? ចុះហេតុអ្វី?
បងប្អូនអាចសំឡឹងមើលបាតុភូតស្រុកខ្មែរ និងពិភពលោកសព្វថ្ងៃចុះ មនុស្សសឹង៩៧%នាផែនដី រស់បែបសក់អ្នកណាក្បាលអ្នកហ្នឹង ដណ្តើមច្បាមប្រជែងគ្នាយកឈ្នះ យកមានយកមុខ យកជាតិសាសន៍និយមជ្រុល អាត្មានិយមជ្រុល គ្រួសារនិយមជ្រុល ដ៏កខ្វក់នៅលើផែនដីតែមួយ បរិស្ថានធម្មជាតិតែមួយ។ ហេតុអ្វី? ចម្លើយ ព្រោះទីកន្លែងអស់នោះ(សាលាសិក្សាដ៏ច្រើន) ឥតបានបង្រៀនមនុស្សពិតទេ ក្រៅពីភាពពុករលួយនៃសម្បជញ្ញ:មិនបរិសុទ្ធ គឺគេបង្កើតជំនួញជួញដូរចំណេះ ហើយសិក្ខាកាមតូចធំ, ចង់ ឬមិនចង់ត្រូវបានក្លាយជាជនរងគ្រោះនៃវិជ្ជាសៅហ្មង គឺវិជ្ជាធ្វើការបម្រើទាសភាពរបស់ការងារ បម្រើចំណង់របស់ជីវិត របស់ក្រុមហ៊ុន របស់គ្រឿងម៉ាស៉ីន របស់មនោគមន៍ របស់ជាតិសាសន៍ជ្រុលនិយមរៀងៗខ្លួន ដែលមានខ្លឹមសារច្រែះស៉ីដែក។ ល។ គឺគេឥតបានតាំងចិត្តស្វែងរកខ្លឹមសារពិត ដើម្បីបង្រៀនខ្លឹមសារចំណេះវិជ្ជា ច្បាប់ តម្លៃ ឧត្តមភាព ចរិយាភាព គុណជាតិ ប្រាជ្ញា និងបេះដូងមនសិការនាអត្តភាពជាមនុស្សស្អាតបរិសុទ្ធនោះទេ ដែលមានលក្ខណ:ខុសពីសត្វ និងខុសពីគ្រឿងយន្តសោះឡើយ (សេក, នាងយន្តSophia, គ្រឿងចក្រ...)
ពិចារណាជាមួយគ្នា វាងាយយល់ទេបងប្អូន មនុស្សជាតិប្រៀបដូចជាទឹកកំពុងល្អក់ស្រាប់នាបច្ចុប្បន្ន ត្រូវការទឹកស្អាតមកលាងជម្រះ តែនៅពេលសង្គមមនុស្សសិក្សា គេនាំគ្នាជះទឹកកខ្វក់ពីលើទៅបន្ថែម ធ្វើឲ្យមនុស្សជាតិក្លាយជានិយមន័យដូចទៅនឹងដង្កូវក្នុងផ្លែប៉ោមសព្វថ្ងៃ មានន័យថា មនុស្សជាតិសព្វថ្ងៃ គឺមានសម្បជញ្ញ:ជីវិត រស់នៅដោយការប្រណាំងប្រជែងគ្នា បំផ្លិចបំផ្លាញសព្វបែបយ៉ាងនៅលើផែនដីនៃពិភពលោកតែមួយ។
តើមានយន្តការអ្វីដោះស្រាយវិបត្តិធម្មជាតិ និងវិបត្តិមនុស្សជាតិក្នុងកម្រិតពិភពលោកដូច្នេះបានទេ? ចម្លើយ គឺមាន....សូមរួមគ្នាធ្វើកំណែសម្រួលវិជ្ជាសិក្សាធិការ តម្រង់ទិសខ្លឹមសារ ការអប់រំ ការផ្សព្វផ្សាយ ការស្រាវជ្រាវ ការយល់ដឹង និងការអនុវត្តន៍ ដើម្បីឲ្យកើតជាចលនាមនុស្សពិតរស់រវើក នោះទុក្ខសោក ការបំផ្លិចបំផ្លាញ ការប្រណាំងប្រជែងគ្នា គំនុំសងសឹកស្អប់ខ្ពើមគ្នានឹងគ្នា នឹងត្រូវអស់ឫទ្ធិអស់ល័ក្ខជាក់ជាមិនខាន នៅពេលមនុស្សផ្តើមស្អាតច្រើនឡើងៗ។ ព្រោះកម្លាំងចលករ ឬចលកម្មរុញច្រើនលោកធាតុ នាមធាតុ ធម្មជាតិនៃពិភពលោកនេះ ទៅមុខឬថយក្រោយ ចម្រើនឬវិនាសបាន គឺអាស្រ័យកើតឡើងដោយកម្លាំងលាយផ្សំនាពហុកម្ម នោះគឺមានអ្នករាល់គ្នាជាប្រធានច្បាស់ឥតសង្ស័យ...
ពីសំឡេងគាំពារតម្លៃមនុស្ស
ថ្ងៃទី២៨ ខែតុលា​ ឆ្នាំ២០២៣


Comments