គ្រាប់ពូជអន្តរធានក្នុងលោក

 បងប្អូនមនុស្សជាតិជាទីរាប់អាន 🙏


មនុស្សជាតិមានទុក្ខជាទម្ងន់នៅពេលនេះ

ធ្ងន់ដោយពៀរវេរា និងគំនុំសងសឹករវាងគ្នានឹងគ្នា 

មានតាំងពីថ្នាក់មូលដ្ឋាន ស្រុកស្រែជនបទ 

ដល់ថ្នាក់កំពូលនៃមហាអំណាចពិភពលោក ។

ការស្អប់គ្នា ការប្រទូស្តព្យាបាទ ការខ្ពើមរអើមរើសអើងគ្នា ការ

សម្លាប់គ្នា កើតមានរាល់ថ្ងៃ។


ខ្មែរស្អប់ខ្មែរ ព្រោះតែមានគ្រូអាចារ្យដែលខ្លួនជឿជាក់ខុសគ្នា 

ខ្មែរខ្ពើមខ្មែរ ព្រោះតែនិន្នាការនយោបាយខុសគ្នា សាសនានិកាយខុសគ្នា 

ខ្មែរឈ្លោះនឹងខ្មែរ ព្រោះមនុស្សដែលខ្លួនគោរពស្រឡាញ់ចូលចិត្តខុសគ្នា ជាដើម 


ខ្មែរស្អប់យួន យួនស្អប់ខ្មែរ ព្រោះតែមានវិបត្តិប្រវត្តិសាស្ត្រមនុស្សជាតិ វិបត្តិការរស់នៅបំពានគ្នា 

វិបត្តិកាប់សម្លាប់គ្នាកាលពីអតីតកាល



អាមេរិកមិនពេញចិត្តចិន ចិនមិនពេញចិត្តអាមេរិក ប្រកួតប្រជែងគ្នា ព្រោះម្នាក់ៗមានចិត្តចង់បានលេខ១លើលោក

....។ល។វិបត្តិរាប់មិន អស់....


សម្លាប់គ្នា ស្អប់គ្នា រំលោភបំពានទឹកដីគ្នា តជំនាន់រាប់ពាន់ម៉ឺនឆ្នាំមកហើយ មិនមែនតែមនុស្សជាតិជំនាន់នេះទេ ។ មនុស្សជាតិជំនាន់មុន បានទុកគ្រាប់ពូជស្អប់ខ្ពើម គ្រាប់ពូជជម្លោះសង្រ្គាម គ្រាប់ពូជកំហឹងព្យាបាទគ្នា គ្រាប់ពូជគំនុំសងសឹក គ្រាប់ពូជកំហឹង គ្រាប់ពូជលោភលន់ គ្រាប់ពូជមោហៈ គ្រាប់ពូជមហិច្ឆតា គ្រាប់ពូជវាតទីទឹកដី គ្រាប់ពូជបោកប្រាស់ជាដើម ទុកនៅលើផែនដីនេះ ហើយបុព្វបុរសអស់នោះក៏ស្លាប់បាត់ទៅ ។ 


រីឯយើងទាំងអស់គ្នាជាមនុស្សជាតិសព្វថ្ងៃ ត្រូវទទួលមរតកឡើងមកដឹកនាំបន្ត ក៏រើសគ្រាប់ពូជទាំងអស់នោះ ដែលបានរៀបរាប់ខាងលើ មកពង្រាយដាំដុះសារជាថ្មីទៀត។ តើបងប្អូនឃើញត្រង់ចំណុចពិតនេះ ដែលជាអកុសលធម៌នៅលើពិភពលោកយើងនេះទេ?


បងប្អូនមនុស្សជាតិទាំងឡាយ សូមយល់ឲ្យបាននូវសេចក្តីពិតនាជីវិតលើលោកនេះ គឺមនុស្សត្រូវការតែសេចក្តីសុខស្ងប់  សុវត្ថិភាព យុត្តិធម៌ ឯករាជ្យ មិនចង់អោយប្រទេសណាមួយ បុគ្គលណាមួយបំពារបំពានទេ បើសេចក្តីត្រូវការពិតដូច្នេះ តើអស់លោកលោកស្រីអ្នកនាងកញ្ញា អ្នកដឹកនាំគ្រប់ជាន់ថ្នាក់ នាំគ្នារើសគ្រាប់ពូជចង្រៃអន្តរាយខាងលើនេះ មកដាំបន្តរសាជាថ្មី ធ្វើអ្វី -? 


ចម្លើយនោះគឺ សេចក្តីមិនដឹង ឬអវិជ្ជា ដែលអ្នកប្រាជ្ញគ្រប់រូបប្រឹងដាស់តឿនពន្យល់សម្តែងប្រាប់ ព្រោះមិនដឹងថានេះជាគ្រាប់អ្វីផង ចេះតែស្អប់តគ្នា ប្រឆាំងតត្រកូល កាប់សម្លាប់តពូជ សង្រ្គាមតជំនាន់មនុស្សជាដើម។ 


បងប្អូនកូនក្មួយ ការមានសតិដឹង នូវអ្វីគួរអ្វីមិនគួរ មុននឹងយកមកសាបព្រួស ជារឿងសំខាន់ណាស់ នៅក្នុងសង្គមមនុស្សដែលរស់រួមគ្នានេះ ។ 


បើបងប្អូនមានឈ្មោះជាអ្នកដឹកនាំ មិនប្រុងប្រយ័ត្នស្មារតីចំពោះគំនិតខ្លួន សម្តីខ្លួន ចរិយាខ្លួន ទង្វើខ្លួនដោយចេតនាក្តី អចេតនាក្តី ដឹងខ្លួនក្តី មិនដឹងខ្លួនក្តី នោះអស់លោកនឹងមានឈ្មោះថាចូលរួមបំផ្លាញសង្គម ដែលអស់លោកកំពុងអាស្រ័យនៅហើយ ។ នេះហៅថា អ្នកដឹកនាំខ្វាក់សតិសម្បជ្ជញ្ញៈ ឬពិការមនសិការ ជាមនុស្សមិនពេញលក្ខណៈ ព្រោះមិនមានសម្បទាគ្រប់គ្រាន់ ក្នុងការប្រើប្រាស់សតិបញ្ញា ដែលធម្មជាតិផ្តល់មកអោយប្រើប្រាស់ដូចៗគ្នា តែបែរមិនមានស្មារតីភ្ញាក់រលឹករៀនប្រើប្រាស់វាឲ្យសមទំនងជាមនុស្សជាតិទៅវិញ។


យើងខ្ញុំមានមនសិការស្មារតីឆ្ពោះកាន់ការកសាងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវវប្បដ្ឋានមនុស្សជាតិ ដើម្បីចួលរួមចំណែកទទួលខុសត្រូវដោះស្រាយកាត់បន្ថយទុក្ខសោក ជម្លោះក្នុងពិភពលោកនាបងប្អូនមនុស្សជាតិរួមនៃយើង ។ ហេតុនេះបើបងប្អូកូនក្មួយលោកយាយលោកតា មានចេតនារម្មណ៍ប្រកបដោយសេចក្តីអាណិតអាសូរបរិសុទ្ធរួមក្នុងឆន្ទះកិច្ចមួយនេះ បងប្អូនអាចមកសិក្សាពត៌មានបន្ថែមបានពីគម្រោងស្ថាបនាវប្បដ្ឋានសិក្សាស្រាវជ្រាវមនុស្សជាតិ។


ធ្វើនៅទីតាំង :ភូមិទួលខ្លុង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល,​ កម្ពុជា

ទំនាក់ទំនង​Telegram : 078 99 00 20/012 80 15 48

ថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា​ ឆ្នាំ២០២៣


ពីយើងខ្ញុំសំឡេងគាំពារតម្លៃមនុស្សជាតិ🙏🏾



Comments