ការពិតនៅត្រង់ណា?
រវាងល្អ និងអាក្រក់
រវាងខុស និងត្រូវ
រវាងស្អប់ និងស្រឡាញ់
រវាងគុណ និងទោស
រវាងបុណ្យ និងបាប
រវាងចម្រើន និងវិនាស
ទាំងអស់នេះ សុទ្ធសឹងជាទ្វេធម៌
ដែលប្រទាញប្រទង់គ្នាទៅវិញទៅមក
រកទីបំផុត និងទីបញ្ចប់គ្មានទេ គឺហៅថាសង្សារវដ្ត។
...
ជីវិតមនុស្សខ្លីណាស់ ធ្មេចបើកៗ១០ឆ្នាំ កន្លងផុត ធ្មេចបើកៗ៥០ឆ្នាំ ទៅហើយ ជិតដល់វ័យដែលលោកយមរាជអញ្ជើញត្រឡប់ទៅវិញគ្រប់ៗគ្នា ។
តើមនុស្សគប្បីរស់ជំពាក់នៅត្រង់កណ្តាលរវាងស្អប់ស្រឡាញ់ ខុសត្រូវ គុណទោស អ្នកនេះល្អ អ្នកនោះអាក្រក់ តទៅទៀតទេ?
បងប្អូនកូនក្មួយ 🙏🏾 មនុស្សអាស្រ័យគ្នាទៅវិញទៅមកដូចសម្លមួយឆ្នាំង សាច់អាស្រ័យបន្លែ បន្លែអាស្រ័យគ្រឿងផ្សំ គ្រឿងផ្សំអាស្រ័យចុងភៅទើបឆ្ងាញ់ពិសារ យើងគួរណាស់តែជ្រើសរើស សាច់ដែលមានគុណភាព បន្លែដែលមានគុណភាព គ្រឿងផ្សំដែលមានគុណភាព ចុងភៅដែលមានគុណភាព យោងគ្នាអាស្រ័យគ្នានឹងគ្នាទៅវិញទៅមក ទើបញុំាងឲ្យសម្លមួយឆ្នាំងឆ្ងាញ់ពិសារ មានឱជារស និងមានគុណភាពទៅបាន។
សង្គមមនុស្សក៏ដូចគ្នា ប្រៀបបាននឹងសម្លមួយឆ្នាំង ដែលត្រូវការចុងភៅចំណាន មកចាត់ចែង រៀបចំ គ្រប់គ្រង និងអនុវត្តនាការនៅក្នុងផ្ទះបាយ។
...
ចង់បានសម្លមានគុណភាព ត្រូវជ្រើសរើសចុងភៅ មានគុណភាព
ចង់បានសង្គមមួយដែលមានគុណភាព គឺត្រូវការបុគ្គលដែលជាអ្នករស់ក្នុងសង្គមម្នាក់ៗ ជាមនុស្សដែលពោរពេញដោយគុណភាព។ 🙏🏾 តើអស់លោកអ្នកនាងកញ្ញា រួមទាំងខ្ញុំផង មានដែលយកពេលបន្តិចបន្តួច មកពិនិត្យពិច័យខ្លួនអាត្មាអញ ថាជាមនុស្សមានគុណភាព ហើយឬនៅ សម្រាប់ត្រៀមខ្លួនរស់នៅក្នុងសង្គមមួយ ដែលពោរពេញដោយសុខដុមរមនា សុភមង្គល សុវត្ថិភាពពេញលេញឥតចន្លោះនោះ ជាសង្គមមនុស្សពិតរស់នៅនោះ? 🙏🏾



Comments
Post a Comment